Background


ប្រ​វត្តិ​​សង្ខេប​របស់​គណបក្សសម្ព័ន្ធដើម្បីប្រជា​ធិបតេយ្យ​



គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ(គ.ស.ប) ត្រូវ​បាន​​ផ្តួច​ផ្តើម​បង្កើត​ទ្បើង​នៅ​ថ្ងៃ​​១៥ ខែ​កក្កដា​ ឆ្នាំ​ ២០០៥​ ដោយ​ពលរដ្ឋ​មួយ​ក្រុម​តូច​ ដែល​មាន​ចិត្ត​គំនិត​ និង​ទស្សនៈ​ប្រ​ហាក់​ប្រហែល​ គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ខ្មែរ​។

ក្រុម​ស្ថាប​និក​នេះ​ បាន​បំពេញ​បែប​បទ​បង្កើត ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​ទ្បើង​ ស្រប​តាម​ច្បាប់​ស្តី​ពី ​គណ​បក្ស​នយោ​បាយ​ ហើយ​ក៏​បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​តាម​ប្រ​កាស​ក្រ​សួង​មហា​ ផ្ទៃ ​លេខ​៧៩២​ប្រ.ក​ ចុះ​ថ្ងៃទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០០៦​។

គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​​ យើង​បាន​បង្កើត​ទ្បើង​ ក្នុង​ស្ថាន​ភាព​មួយ ​ដ៏​លំបាក​ បំផុត​ដោយ​សារ​ខ្វះ​ខាត​ទាំង​ធនធាន​មនុស្ស​ដែល​ហ៊ាន​ប្រ​ឈម​រាល់​គំនិត​ ត្រួត​ត្រា អាត្មា និយម តែ​មាន​ឥទ្ធិពល​ នៅ​ក្នុង​សង្គម​ខ្មែរ​ និង​ ខ្សត់​ខ្សោយ​ប្រ​ភព​ថវិកា​ ព្រម​ជា​មួយ​នេះ ​នៅ​មាន​ការ​ឃោស​នា​មួល​បង្កាច់​ ពី​អ្នក​នយោ​បាយ​មួយ​ក្រុម​ដ៏​ល្បី​ ដែល​គេ​ប្រ​សិទ្ធ​នាម ខ្លួន​គេ​ថា​ ជា​អ្នក​ប្រ​ជា​ធិបតេយ្យ ដោយ​ចោទ​យើង​ថា ជា​ក្រុម​លក់​ខ្លួន​ជា​គណបក្ស​ អាយ៉ង​។ ក៏​ប៉ុន្តែ​ឧបសគ្គ​ទាំង​នេះ ពុំ​អាច​វាយ​បំបាក់ ឬ​ក៏​រា​រាំង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុះ​មុត របស់​ពួក​យើង​បាន​ទ្បើយ​ ព្រោះ​យើង​មាន​លក្ខណៈ​សម្បត្តិ​ពិសេស ដែល​អ្នក​ទាំង​នោះ គ្មាន​គឺ ភាព​សុចរិត​​បេះ​ដូង​បរិសុទ្ធ​ ចង់​ជួយ​ពលរដ្ឋ​របស់​យើង​ពិត​ប្រាកដ និង​មាន​ ទស្សនៈ​ច្បាស់​លាស់​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សង្គម​​ជាតិ​ ដែល​អ្នក​នយោ​បាយ​ទាំង​នោះ ពុំ​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​យល់​មិន​ដល់​។ យើង​បាន​កំណត់​យ៉ាង​ច្បាស់ នូវ​ប្រ​ភព​បញ្ហា ទាំង​អស់​ក្នុង​សង្គម​ជាតិ​ខ្មែរ តាំង​ពី​ដើម រៀង​ៗ​មក​គឺ​ អំ​ណាច​​ប្រ​មូល​ផ្តុំ​ ជា ​មូល​​ហេតុ​ ធ្វើ​ឲ្យ​បាត់​តុល្យ​ភាព​អំណាច​រវាង​អ្នក​កាន់​អំណាច​ និង​ប្រ​ជា​ពល​រដ្ឋ​ ដែល​ជា​ម្ចាស់​ប្រទេស​ ម្ចាស់​អំណាច​ នាំ​​ឲ្យ​អ្នក​កាន់​អំណាច​គ្រប់​ ជំនាន់​ប្រើ​អំណាច​ដោយ​រំលោភ​គ្មាន​កោត​ក្រែង​ គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ហើយ​ក៏​ជា​ហេតុ​មួយ​ធ្វើ​អោយ​ពលរដ្ឋ​យើង​អស​កម្ម​ផង​ដែរ​។

ចំណែក ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច​ ពុំ​មាន​លទ្ធ​ភាព​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​ទប់​ស្កាត់​មិន​អោយ​ អ្នក​កាន់​អំណាច​ នាំ​ប្រ​ទេស​ជាតិ​ធ្លាក់​ក្នុង​ភាព​មហន្ត​រាយ​ ដូច​ ដែល​ប្រ​វត្តិ​សាស្ត្រ​ បាន​បង្ហាញ​យើង​គ្រប់ៗ​គ្នា រួច​មក​ហើយ។​ ពលរដ្ឋ​យើង​ត្រូវ​បាន​ អ្នក​នយោ​បាយ​បំពុល​ដោយ​ប្រើ​គ្រប់​​មធ្យោ​បាយ​លែង ឲ្យ​ខ្វល់​ខ្វាយ​ពី​រឿង​នយោ​បាយ ប្រ​ទេស​ជាតិ​ ឬ​ក៏​ត្រូវ​បាន​អ្នក​នយោ​បាយ​បោក​បញ្ឆោត​ ឲ្យ​ធ្លាក់​ខ្លួន​​ចូល​បំរើ​នយោ​បាយ​ ទាំង​ងងឹត​ងងល់​។

ដើម្បី ​លុប​បំបាត់​នូវ​ប្រ​ព័ន្ធ​ដឹក​នាំ​ប្រើ​អំណាច​ប្រ​មូល​ផ្តុំ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​ក្នុង​សង្គម​អាច​រួច​ផុត​ពី​ប្រ​ព័ន្ធ​ច្បាប់​ ឬ​នៅ​លើ​ច្បាប់​ ដើម្បី​ឲ្យ​អ្នក​នយោ​បាយ​ងាក​មក​រក​ផ្លូវ​សុចរិត​ មិន​ប្រើ​នយោ​បាយ​ប្រ​ជា​ភិថុត​ និង​ ទទួល​ខុស​ត្រូវ​រាល់​សកម្ម​ភាព​របស់​ខ្លួន​ចំពោះ​មុខ ប្រ​ជាពល​រដ្ឋ​ដោយ​ផ្ទាល់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជា​ធិប​តេយ្យ​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​៨​ចំណុច​ និង​ធ្វើ​ការ​ ពន្យល់​បក​ស្រាយ​ ឲ្យ​ពលរដ្ឋ​យល់​ដឹង​អត្ថ​ប្រ​យោជន៏​នៃ​ចំណុច​នីមួយៗ​នៃ​យន្ត​ការ​នេះ​ដើម្បី​ សំរេច​ចិត្ត​ចូល​រួម​ក្នុង​ចលនា​មួយ​នេះ​ ដោយ​យល់​ដឹង ​និង​ស្គាល់​ពី​ គោល​ដៅ​ច្បាស់​លាស់​។ ​គោល​ដៅ​យើង​នៅ​ឆ្ងាយ ​តែ​ជា​គោល​ដៅ​ដែល​យើង​អាច​ទៅ​ដល់​។